កម្ពុជាបន្ថយពន្ធនាំចូលត្រី សត្វ តែតម្លើងពន្ធនាំចូលរថយន្តនិងស៊ីម៉ង់ត៍

រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​នៅពាក់​កណ្តាល​ខែ​ធ្នូ​នេះ ដោយ​បាន​បន្ធូរបន្ថយ​ពន្ធ​នាំ​ចូល​ផលិត​បរិភោគ​ជាច្រើនមុខ និង​ពន្ធ​នាំ​ចូល​ទូរស័ព្ទ​ដៃ ​ប៉ុន្តែ​បាន​តម្លើង​ថ្លៃ​អត្រាអាករ​ពិសេស​ចំពោះ​សម្ភារៈ​ប្រើ​ប្រាស់​ដូចជា​រថយន្ត​ជាដើម​។​សម្រាប់​អ្នក​តាម​ដាន​សង្គម​ វាមិន​ល្អ​ទេ​ការ​ដែល​រដ្ឋាភិបាល​បន្ថយ​ពន្ធ​នាំចូល​ ដូច​ជា ត្រី និង​សត្វ​នោះ ព្រោះ​ធ្វើ​ឲ្យ​កសិករខ្មែរ​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​តម្លៃ​ផលិតផល​កសិកម្ម​។​

ចាប់​ពី​ថ្ងៃ​ទី​១​ខែ​មករា​ឆ្នាំ​២០១៨ តទៅ ចំពោះ​សត្វ​រស់ ដូចជា​ត្រីឬ​សត្វ​រស់ក្នុង​ទឹក ទឹកដោះគោ​រាវ ​ម្សៅ​ទឹកដោះគោ និង​ម្សៅ​ស្រូវ​សាលី​ ត្រូវ​បាន​បញ្ចុះ​តម្លៃ​ពន្ធ​នាំ​ចូល​ពី ១៥​ភាគរយ មកនៅ​តែ៧​ភាគរយ​ប៉ុណ្ណោះ​។ ចំពោះ​ផលិតផល​សាច់ ដូចជា​សាច់​ត្រី​និង​សាច់​សត្វ​ក្នុង​ទឹក ត្រូវបាន​បញ្ចុះ​ពន្ធនាំ​ចូល​ពី​៣៥​ភាគរយ​មក​នៅ​តែ​១៥​ភាគរយ​។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​អគ្គនាយ​ក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅថ្ងៃទី​១៤​ខែ​ធ្នូ​នេះ​។​

ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បញ្ចុះ​អាករ​ពិសេស​ពី ៤៥​ភាគរយ មកនៅ២០​ភាគរយ ចំពោះ​នាវា​កម្សាន្ត និង​ពី១០​ភាគរយ មកសល់ ៥​ភាគរយ​ចំពោះ​ពន្ធនាំចូលទូរ​សព្ទ​ ខណៈដែល​ឧបករណ៍​មេកានិច​បាញ់​ព្រួសសម្រាប់​​កសិកម្ម​ត្រូវ​បាន​លើកលែង​ពន្ធ​នាំ​ចូល​។​

ទោះជា​យ៉ាង​ណា តាម​សេចក្ដី​ជូនដំណឹង​ដដែល រដ្ឋាភិបាល​បាន​ដំឡើង​អត្រា​អាករ​ពិសេសពី ៦៥ភាគរយ ទៅ៧០ភាគរយ សម្រាប់​ប្រភេទ​រថយន្ត​គ្រួសារ​ប្រើ​ចំហេះ​ឥន្ធនៈ​សុទ្ធ ដែល​មានទំហំ​ស៊ីឡាំង​លើសពី ៣០០០CC ខណៈ ពន្ធ​នាំចូល​ស៊ីម៉ង់ត៍​ត្រូវ​បាន​តម្លើង​ពី​០​ទៅ​៥​ភាគរយ។

​ចំពោះ​ផលិតផល​នាំ​ចេញ​វិញ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ដំឡើង​អត្រា​អាករ​នាំចេញ​លើ​មុខទំនិញ ខ្សាច់ ឈើ ថ្ម​ម៉ាប និង​ថ្ម​ក្រា​នី​ត​។

សម្រាប់​អ្នក​តាម​ដាន​សង្គម ដូចជា លោក សន ជ័យ ការ​ដែល​រដ្ឋ​បន្ថែម និង​បន្ថយ ពន្ធអារក ពិសេស​នេះ ហាក់​មិន​ល្អទាល់​តែ​សោះ​សម្រាប់​ផលិត​ផល​ក្នុង​ស្រុក​។ ​មិន​ល្អ​ដោយ​លោក​ថាការ​បន្ថយ​ពន្ធ​នេះ​ហាក់​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​នាំ​ចូល​កាន់​តែ​ច្រើន​នូវ​បន្លែ​ត្រីសាច់ ដែល​អាចមាន​សារធាតុ​គីមី ប៉ុន្តែ​ការ​ចិញ្ចឹម​សត្វ និង​ការ​ដាំដុះ​ក្នុង​ស្រុក​បែរជា​តម្លៃ​ថោក ហើយ​ក៏​ជា​កត្តានាំឲ្យ បន្លែ ត្រី សាច់​ជ្រូកខ្មែរ ពិបាក​ប្រកួត​ប្រជែង​ជាមួយ​ផលិត​នាំ​ចូល នឹង​ឈាន​ទៅ​ខាត​បង់ធ្ងន់​ធ្ងរ​។ នេះ​មិន​ទាន់​គិត​ដល់​ការ​ខាត​បង់​ពន្ធគយ​ទៀត​ផង​។ មួយទៀត​ពន្ធ​ខ្លះ​ថយ​ចុះ​តើ តម្លៃទំនិញ​នៅលើ​ទីផ្សារ​អាច​ចុះ​ថោក​ដែរ​ទេ?​ទាំងនេះ​គឺ​ជាការ​លើក​ឡើង​របស់​អ្នកតាម​ដាន​សង្គមរូប​នេះ។​

ប៉ុន្តែ​លោក​បណ្ឌិត​សេដ្ឋកិច្ច គី សេរីវឌ្ឍន៍ យល់ថា ការ​បន្ថយ​ពន្ធនាំ​ចូល​ត្រី សាច់ គឺផ្តល់​ផល​ប្រយោជន៍​ច្រើន​ជាង​គុណវិបត្តិ​។ ​លោកបក​ស្រាយ​ថា បច្ចុប្បន្ន​ការ​ផ្គត់​ផ្គង់ បន្លែ ត្រី សាច់ មិន​ទាន់​ទាន់​គ្រប់​តាម​តម្រូវ​ការ​របស់​ប្រជាជន​កម្ពុជា​នៅឡើយ ហើយ​លោកថា​ការ​នាំចូល​មួយ​ភាគ​គឺ​ជា​ការ​គេច​ពន្ធ​ដែល​រដ្ឋ​បាត់​ចំណូល ដោយសារ​យក​ពន្ធ​ខ្ពស់​៕

ប្រភព ៖ RFI

ចែករំលែក

បង្ហាញយោបល់របស់អ្នក

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.