ភ្នំពេញុ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើឡើងថាការនាំចេញរបស់កម្ពុជានឹងមិនរងសម្ពាធណាមួយឡើយ បើសិនមានការដកឋានៈប្រព័ន្ធអនុគ្រោះពន្ធ គ្រប់មុខទំនិញ លើកលែងសព្វាវុធ (Everything But Arms ឬ EBA)ពីសំណាក់សហភាពអឺរ៉ុបដែលបន្តបង្ហាញការបារម្ភអំពីរឹតត្បិតសិទ្ធិនយោបាយរបស់ក្រុមជំទាស់នៅកម្ពុជា។
ក្នុងពិធីជួបជុំជាមួយពលរដ្ឋខ្មែរចំនួនជាង២០០០នាក់ នៅទីក្រុង Zurich ប្រទេសស្វីសកាលពីចុងសបា្តហ៍កន្លងទៅនេះ លោកហ៊ុន សែនបានប្រាប់ពលរដ្ឋខ្មែររស់នៅក្នុងទី្វបអឺរ៉ុបនោះថាការដក EBA ពីអឺរ៉ុបមិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ។
លោកនាយករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ឆ្នាំកន្លងទៅទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុប សម្រេចបានជាង៤ ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជា នាំចេញទៅអឺរ៉ុប មានទឹកប្រាក់ជាង៣ពាន់លានដុល្លារ។
បើតាមលោកនាយករដ្ឋមន្រ្តី វិស័យកាត់ដេរកម្ពុជាកំពុងមានសកម្មភាពល្អប្រសើរ ខណៈការបញ្ជាទិញមានការកើនឡើង ក្នុងនោះរោងចក្រប្រមាណ៥០០ កំពុងបង្កើនម៉ោងក្នុងការផលិតផងដែរ។ យ៉ាងណាក៏ដោយ មេដឹកនាំទីក្រុងភ្នំពេញរូបនេះថា កំណើនសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា ត្រូវបានរងផលប៉ះពាល់ដោយវិបត្តិនៃជំងឺកូវីដ១៩ ដែលបានទាញទម្លាក់រហូតដល់ក្រោមសូន្យ និង រំពឹងថាងើបឡើងវិញដល់ជាង៥ភាគរយឆ្នាំនេះ។
គួរជម្រាបជួនថាកាលពីដើមខែឧសភា ឆ្នាំ២០២២នេះ សមាជិកសភារបស់សហភាពអឺរ៉ុប បានបោះឆ្នោតសម្រេចលើញត្តិមួយដែលបានបង្ហាញការព្រួយបារម្ភអំពីការបន្តបង្ក្រាបនយោបាយនៅកម្ពុជា និងបានជំរុញឱ្យគណៈកម្មការអឺរ៉ុបត្រៀមខ្លួនក្នុងការដកឋានៈប្រព័ន្ធអនុគ្រោះពន្ធ ឬ EBA ទាំងស្រុងប្រសិនបើការបោះឆ្នោតនាពេលខាងមុខមិនមានភាពសេរី និងយុត្តិធម៌៕