ផ្លែឈើប៉ុន្មានមុខនេះ អាចារ្យហាមដាច់ខាតមិនឲ្យដាក់ពីធីពេលហែជំនូន

ជំនូនរបស់កូនកំលោះ លើកជូនខាងកូនក្រមុំ បញ្ជាក់ពីការស្តីដណ្តឹង និងភ្ជាប់សាច់ភ្ជាប់ឈាមរវាងគ្រួសារទាំងពីរ ដើម្បីឱ្យកូនកំលោះ និងកូនក្រមុំ ត្រូវគ្រួសារសង្ខាង និងសង្គមទទួលស្គាល់ដឹងឮ។

កាលពីដើម គេមិនកំណត់ពីចំនួនគូរបស់ផ្លែឈើនោះទេ ប៉ុន្តែនៅសម័យនេះវិញ គេកំណត់ ដោយយកលេខ ៩ ជាគោល ដូចជា ៣៦ គូ, ៥៤ គូ, និង ៧២ គូ ជាដើម ព្រោះលេខ ៩ ជាលេខសំខាន់ និងតំណាងឱ្យលេខផុតសេចក្តីទុក្ខ។

លោកតា ជុំ កុសល្យ អាចារ្យខាងកាន់ពេលាពិធីមង្គលការ ប្រាប់ Sabay ថា ផ្លែឈើសម្រាប់ជំនូន មិនមែនចេះតែដាក់ឲ្យតែរួចពីដៃ និងឃើញស្អាតនោះទេ ដោយមានផ្លែឈើខ្លះ គេហាមមិនឲ្យដាក់ពេលហែជំនូន ដូចជា៖

១. ផ្លែស្វាយ៖ ស្វាយ តំណាងឲ្យភាពណាយចិត្ត ដោយសារឥទ្ធិពលនៃរសជាតិជូររបស់ស្វាយ រីឯ ផ្កាស្វាយ ក៏ឆាប់រុះរោយណាស់ដែរ អ៊ីចឹងពីបុរាណ គេមិនងាយនឹងដាក់ចូលទេ ព្រោះខ្លាចជីវិតគ្រួសារថ្មោងថ្មីរុះរោយទៅតាមផ្កាដែរ។

២. ផ្លែម្នាស់៖ ពេលក្រុងពាលីអាចដាក់បាន តែបើហែកំណត់ ឬ ហែជំនូន មិនអាចដាក់បានទេ។ ម្នាស់ នេះ អ្នកទាំងអស់គ្នាដឹងហើយថាវាមានភ្នែកច្រើន ចឹងវានឹងបង្កឲ្យមានភាពទាស់ទែងគ្នាច្រើនទៅតាមនោះដែរ។ មួយវិញទៀត ម្នាស់នេះ ក៏តំណាងភាពសម្បូរមនុស្សមកចាក់រុក ចាក់លិចចាក់កើត ពេលឃើញគ្រួសារសងខាងត្រូវគ្នា។

៣. ផ្លែស្ពឺភាគច្រើន៖ គេយកផ្លែឈើនេះធ្វើជាថ្នាំបុរាណ តែផ្លែស្ពឺគ្មានទម្រង់នៅក្នុងពិធីអាពាហ៍ពិពាហ៍ឡើយ ព្រោះវាផ្តល់នូវភាពហ្មងសៅដល់គ្រួសារ។

៤. ផ្លែផ្ញៀវ៖ បើសិនមានអ្នកយកផ្លែនេះដាក់ចូលក្នុងពិធីហែជំនូន អ្នកនោះច្បាស់ណាស់ថា មិនដឹងពីក្រិតក្រមនៃប្រពៃណីនេះឡើយ។ រសជាតិជូរខ្លាំងរបស់ផ្លែ ផ្ញៀវ បង្កប់អត្ថន័យថា គ្រួសារនឹងជួបតែរឿងមិនល្អ។

៥. ផ្លែសាវម៉ាវ៖ សម្បកសាវម៉ាវ ដែលសម្បូរដោយព្រុយស្មាញយ៉ាងច្រើន តំណាងឲ្យភាពរញ៉េរញ៉ៃ មិនប្រាកដប្រជា មានភាពស្រពិចស្រពិលច្រើន។ អ៊ីចឹង ចិត្តមនុស្សក៏មានភាពប្រែប្រួលទៅតាមនោះដែរ។

៦. ផ្លែត្របែក៖ ឮពាក្យនេះ អ្នកណាក៏អាចដឹងបានថា តំណាងឲ្យភាពបែកគ្នា។ ចាស់ៗហាមដាច់ខាតមិនឲ្យយកផ្លែនេ មកដាក់ក្នុងពិធីមង្គលឡើយ៕

ចែករំលែក

បង្ហាញយោបល់របស់អ្នក

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.