សម្រស់ធម្មជាតិដែលលាក់ក្នុងដែនជម្រកសត្វព្រៃកែវសីមា

ខេត្តមណ្ឌលគីរី៖ ដែនជម្រកសត្វព្រៃកែវសីមាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតាមរៈសំណើក្រសួងបរិស្ថាន បង្កើតឡើងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ដើម្បីថែទាំងទីជម្រកសត្វព្រៃ និងរុក្ខជាតិនៅលើផ្ទៃដី២៩២.៦៩០ ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគីរី និងខេត្តក្រចេះ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន។

ក្រសួងបរិស្ថាន បានបន្តថា តាមរយៈអនុក្រឹត្យនេះដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបីតេជោហ៊ុន សែន ដែនជម្រកកែវសីមា គឺជាតំបន់ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិនិងជីវៈចម្រុះ ហើយផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព រួមទាំងការលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។ ដែនជម្រកសត្វព្រៃកែវសីមា ផ្តល់ជាទីជម្រកធម្មជាតិដល់សត្វព្រៃ និងរុក្ខជាតិជាង៦០ប្រភេទស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលជាប្រភេទរងការគំរាមកំហែងឈានទៅរកការផុតពូជ។

បើតាមក្រសួងដដែល បានបញ្ជាក់ថា សត្វទាំង៦០ប្រភេទនោះរួមមាន ស្វាកន្ទុយស និងទោចថ្ពាល់លឿងជាដើម ពពួកខ្លាព្រៃ ដំរីអាស៊ី ក្រុមគោសាទិស និងសត្វស្លាបជាច្រើនប្រភេទ ផ្សេងទៀត។ ការសិក្សាស្រាវជ្រាវកន្លងមកបានរកឃើញថា ដែនជម្រក សត្វព្រៃនេះ មានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍន៍គម្រោងទេសចរណ៍ ធម្មជាតិនាពេលអនាគត។ អង្គការWCS បានឱ្យដឹងថា ក្រៅពីសំបូរទៅដោយសត្វព្រៃជាច្រើនប្រភេទហើយនោះ ដែនជម្រកសត្វព្រៃកែវសីមា មានប្រភេទរុក្ខជាតិកម្រ និងផ្កាព្រៃចម្រុះពណ៌ ពិសេសទឹកធ្លាក់ធម្មជាតិជាង១០កន្លែង។

ទាំងនេះ សុទ្ធសឹងតែជាសម្រស់ និងសក្តានុពលនៃធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃកែវសីមាដែលក្រសួងបរិស្ថាន និងអង្គការជាដៃគូ រួមទាំងសហគមន៍ក្នុងតំបន់ បានយកចិត្តទុកដាក់ក្នុងការអភិរក្ស និងថែរក្សាសម្រាប់កូនចៅជំនាន់ក្រោយរបស់កម្ពុជា៕

 

ចែករំលែក

បង្ហាញយោបល់របស់អ្នក

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.