កូនខ្មែរត្រូវដឹងពី ដើម​កំណើត​ជាតិ​ខ្មែររបស់ខ្លួន

សព្វថ្ងៃឥទ្ធិពលបរទេសសព្វបែបយ៉ាងបានគ្របដណ្ដប់មកលើខ្មែរស្ទើរតែរកយល់ថា ​តើជនជាតិ​ខ្មែរ​កើត​មក​ពី​ណាឱ្យ​ប្រាកដ​ពុំ​បាន​ទៅ​ហើយ។ ​ដោយ​ហេតុនេះ​ហើយ​​ អ្នក​​សិក្សាស្រាវ​ជ្រាវ​មួយ​ចំនួន​និយម​ទាញ​ភ្ជាប់​កំណើត​នៃ​ជនជាតិ​ខ្មែរ​ចេញ​ពី​ជាតិ​ណា​មួយ​ដែល​គេ​យល់​ថា​មាន​អរិយធម៌​ខ្ពង់​ខ្ពស់​ឬរីកចម្រើនជាង។

សូមជម្រាបថា ជាយូរយារណាស់មកហើយ អ្នកដែលបានធ្វើការសិក្សាស្រាវជ្រាវពីសាវតារខ្មែរ បានខិតខំដោះស្រាយបញ្ហា​ដ៏សំខាន់​នេះ ​ហើយ​ពួក​គេ​បាន​បញ្ចេញ​យោបល់​ប្លែក​ៗគ្នា​ស្ដី​ពីកំណកំណើត​នៃ​ជន​ជាតិ​ខ្មែរ​យើង​។ ជាដំបូង​គេបង្អស់ លោក ហេនឌ្រីក គែន (Hendrick​ Kerns) បាន​លើក​ឡើង​ថា ​ជាតិ​ខ្មែរ​ជា​ជាតិ​អន្តោប្រវេសន៍​ដែលបាន​បែកចេញពីប្រទេសឥណ្ឌា ​ហើយ​បាន​មក​លុកលុយ​ដណ្ដើម​យក​ទឹកដី​របស់​ជាតិ​ដើម​មួយ ​គឺជន​ជាតិ​ក្នុង​អម្បូរ​ម៉ាឡាយូ-ប៉ូលីណេស៊ីយាង។​

ក្រោយ​មក ការយល់ឃើញបែបនេះត្រូវបានគាំទ្រដោយ​លោក​ អាធេម៉ាដ​ ឡឺក្លែរ ​(Adhémard Leclère)​ និង​លោក ​ព្យែ ​ហ្គូរ៉ូ​ (Pierre Gourou)។ លោក ព្យែ ហ្គូរ៉ូ បាន​ទាំង​បញ្ជាក់​បន្ថែម​ថា ​ជន​ជាតិ​ មន-ខ្មែរ ​ប្រហែល​ជា​ត្រូវ​ពួក​ទ្រាវិឌ​ ឬពួកអារ្យ​ (អារ្យ័ន) ច្រាន​ចេញ​ពី​ប្រទេស​ឥណ្ឌា ​ហើយ​នៅមាន​សេស​សល់​ក្រុម​ខ្លះ​ទៀត​ដូចជា​ពួក​មុណ្ឌ​ជាដើម​ បាន​ចូល​ទៅ​លុកលុយ​ជនជាតិ​ដើម​មួយ​ចំនួន​ដែល​បច្ចុប្បន្ន​ស្ថិត​នៅត្រង់​ប្រទេសភូមា សៀម និងកម្ពុជា។ ​លើស​ពី​អ្នក​ប្រាជ្ញ​ទាំង​នេះ ​លោក អេទ្យែន អាយម៉ូនីយ៉ែ ​(Etienne Aymonier) បាន​បន្ថែម​ពី​លើថា​ ក្រុម មន-ខ្មែរ-មុណ្ឌ ​មាន​ទីតាំង​ដើម​នៅ​ជើង​ភ្នំ​ទីបេ ហើ​យក្រោយ​មក​បាន​បំបែក​គ្នា​ជា​ពីរ​ក្រុម ​មួយ​ក្រុម​គឺ ​មន-ខ្មែរ ​បាន​ចូល​មក​តាំង​លំនៅ​ក្នុង​ភូមិ​ភាគ​អាស៊ីអាគ្នេយ៍ ​ឯមួយ​ក្រុម​ទៀត​គឺ​ មុណ្ឌ​ បាន​ចូល​ទៅ​ក្នុង​ប្រទេស​ឥណ្ឌា​រហូតដល់​សព្វថ្ងៃ។

ផ្ទុយទៅវិញ លោក ប៊ែណាត ហ្វីលីព ហ្គ្រូស្លីយ៉ែ (Bernard Philippe Groslier) និងលោក ម៉ាសែល តាឡាបុត (Marcel ​Talabot)​ បែរ​ជា​យល់​ខុស​ពី​អ្នក​មួយ​ចំនួន​ខាង​លើ។​ អ្នកទាំង​ពីរ​ទទួល​ស្គាល់ថា​ ជាតិ​ខ្មែរ​ជា​ជាតិ​ពិសេស​មួយ​ដែល​ស្ថិត​នៅក្នុង​ក្រុម ​មន-ខ្មែរ ហើយ​បាន​មក​កកើត​ឡើង​នៅ​ភូមិភាគ​អាស៊ីអាគ្នេយ៍​នេះ​តាំង​ពី​បូរាណ​មក​។

​លោកទាំង​ពីរ​យល់​ឃើញ​ថា ​ក្នុង​សម័យ​បុព្វប្រវត្តិសាស្ត្រ​ដ៏​យូរ​លង់​ណាស់​មក​ហើយ ​មាន​មនុស្ស​មួយ​ក្រុម​បាន​ធ្វើដំណើរ​ពីខាង​ជើង (អឌ្ឍគោលខាងជើង) ចុះ​​មក​អាស៊ីអាគ្នេយ៍ ​ដូចជា​ពួក​អូស្ត្រាឡូអ៊ីដ ពួក​មេឡាណេស៊ីយាង​ និង​ឥណ្ឌូណេស៊ីយាង​ជាដើម។ ​អម្បូរ មន-ខ្មែរ ​បានចាប់​កំណើត​ឡើង​ដោយ​ការ​កាត់​ផ្សំ​រវាង​ពួក​ឥណ្ឌូណេស៊ីយាង​ និង​ពួក​​ម៉ាឡាណេស៊ីយាង​ ហើយ​បាន​រស់​នៅ​រាយ​ប៉ាយ​លើទឹក​ដី​ដែល​លាត​សន្ធឹង​ពី​ឥណ្ឌូចិន​ ជ្រោយ​ម៉ាឡាយូ ​រហូត​ដល់​ព្រំប្រទល់​ប្រទេស​ឥណ្ឌា។​
គួរបញ្ជាក់ថា ការយល់ឃើញនៃក្រុមអ្នកប្រាជ្ញទីពីរនេះ មានលក្ខណៈស្របទៅនឹងទស្សនៈរបស់ជនជាតិ​ខ្មែរ​ ពីព្រោះ​បើយើង​សំអាង​ទៅ​លើ​រឿង​ព្រេង​ប្រវត្តិសាស្ត្រ​ក៏ដោយ​ (រឿងព្រះថោង នាងនាគ) ក៏គេ​យល់​ថា​ ទាល់​តែ​មាន​នាង​នាគ​នៅ​ស្រុក​ខ្មែរ​នេះឯង ​ទើប​ព្រះថោង​ដែល​គេ​ថា​មក​ពី​ស្រុក​ឥណ្ឌា​នោះ បាន​ជួប​ប្រភព​គ្នា ​ហើយ​បាន​គ្រប់គ្រង​នៅ​កោះ​គោក​ធ្លក​នេះ។ ​បានន័យថា ​លុះត្រាមាន​ជនជាតិខ្មែរ​នៅលើ​កោះ​គោក​ធ្លក​នេះ​ស្រាប់​ហើយ​ ទើប​ជនជាតិ​ឥណ្ឌា​អាច​ផ្សាយ​អរិយធម៌​របស់​ខ្លួន​បានខ្លះ​មក​ក្នុង​ស្រុក​ខ្មែរ។​

មានន័យថា “គឺមាន​ជនជាតិ​ខ្មែរ​រស់​នៅ​លើ​ទឹក​ដី​នេះ​រួច​ស្រាប់​ទៅ​ហើយ ​មុន​នឹង​ការ​មក​ដល់​នៃ​ជន​ជាតិ​ឥណ្ឌា ឬមាន​ន័យ​ថា​ជនជាតិ​ខ្មែរ​មិន​មែន​ជា​ជន​អន្តោប្រវេសន៍​មក​ពី​ឥណ្ឌា​ដូចអ្នក​ប្រាជ្ញ​ក្រុម​ទីមួយខាងលើ​​បានលើកឡើងនោះទេ។
គួររម្លឹកជូនថា ចំពោះបញ្ហាដើមកំណើតជាតិខ្មែរនេះ ​មាន​អ្នកប្រាជ្ញអន្តរជាតិ​បាន​បញ្ចេញ​សម្មតិកម្ម​ច្រើន​បែប​យ៉ាង​ណាស់ ​តែពួក​គេ​បាន​ស្រប​យោបល់​គ្នា​ត្រង់​ចំណុចមួយ​​ដែល​ថា ​ខ្មែរ​ជា​ជាតិ​ពិសេស​មួយ​ស្ថិត​នៅ​ក្នុង​អម្បូរ មន-ខ្មែរ ឬ ខម នេះឯង”៕​

ចែករំលែក

បង្ហាញយោបល់របស់អ្នក

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.