រដ្ឋសភាកម្ពុជាសម្រេចអនុម័ត​យល់ព្រម​លើ​ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ រវាង​កម្ពុជា​និង​វៀតណាម

ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ក្នុង​កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា​កម្ពុជា បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

លោក ឡេង ប៉េងឡុង អគ្គ​លេខ​ធិ​ការ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភាបានបញ្ចាក់ថាសេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម គឺជា​សេចក្តីព្រាងច្បាប់ ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ (១​លើ​២៥​ពាន់​) រវាង​កម្ពុជា​និង​វៀតណាម​។​

​លោក ពន្យល់ថា ដ្បិត​ផែនទី​ថ្មី​នេះ ត្រូវបាន​ចុះហត្ថលេខា​យល់ព្រម​ដោយ​គណៈកម្មាធិការ​កិច្ច​ព្រម​ដែន​របស់​កម្ពុជា​និង​វៀតណាម​ក្តី ប៉ុន្តែ ត្រូវ​ឆ្លងកាត់​ការបោះឆ្នោត​យល់ព្រម​ពី​រដ្ឋសភា​និង​ព្រឹទ្ធសភា ហើយ​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​សិន ទើប​អាច​យកមកប្រើ​ប្រាស់​បាន​។ លោក​បញ្ជាក់ថា​៖តាមផ្លូវ​ច្បាប់​យើង​ត្រូវធ្វើ​អ៊ីចឹង ទើប​ចូល​ជា​ធរមាន។

​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ពី​ក្រៅប្រទេស​មក ដោយ​ប្រកាស​បដិសេធ​មិន​ទ​ទូល​ស្គាល់​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា​និង​វៀតណាម ដោយ​អតីត​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ យល់​ល​ថា សេចក្តីព្រាងច្បាប់​នេះ គឺ​ខុសច្បាប់​ហើយ​ធ្វើ​ឲ្យ​កម្ពុជា បាត់​ដី​ទៅ​វៀតណាម​។​

​យ៉ាងណាក៏ដោយ កន្លងមក គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា ក៏ដូចជា​រដ្ឋាភិបាល កម្ពុជា បកស្រាយ​ជាច្រើន​ដង​មកហើយ​ថា ការបោះ​ប​ង្គោ​ក​ព្រំដែន​និង​ការធ្វើ​ផែនទី​ថ្មី មិន​ធ្វើ​ឲ្យ​កម្ពុជា បាត់​ដី​ទៅ​វៀតណាម​ឡើយ​។

​នាថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ គណៈកម្មាធិការ​កិច្ច​ព្រំដែន​កម្ពុជា​និង​វៀតណាម បាន​ចុះហត្ថលេខា​លើ​ឯកសារ​ផែនទី​ថ្មី មានឈ្មោះ​ជា​ផ្លូវការ​ថា ផែនទី​លេខា​ព្រំដែន ខ្នាត ១/២៥ ០០០ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ុក​ប៉ៃ ខេត្ត​តៃនិញ ប្រទេស​វៀតណាម​។ ផែនទី​នេះ ត្រូវបាន​បោះពុម្ព​សរុប​៥០០​ផ្ទាំង ដោយ​ប្រទេស​ដា​ណឺ​ម៉ាក​។ ២៥០​ផ្ទាំង ប្រគល់​មក​ឲ្យ​កម្ពុជា ហើយ​២៥០​ផ្ទាំង ប្រគល់​ទៅ​ឲ្យ​វៀតណាម​។

​បច្ចុប្បន្ន កម្ពុជា​-​វៀតណាម បានធ្វើ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​ជាមួយគ្នា បាន​៨៤​ភាគរយ​ហើយ ហើយ​ផែនទី​ខ្នាត ១/២៥ ០០០ គឺជា​ផែនទី ដែល​បង្ហាញ​ពី​ការកំណត់​ខណ្ឌសីមា​និង​ការបោះបង្គោល​ព្រំដែន​៨៤​ភាគរយ​នេះឯង​។ ភាគ​ទាំងពីរ ប្តេជ្ញាចិត្ត​ទាំងអស់គ្នា ថា​នឹង​ព​ន្លឿ​ន​ឲ្យ​ឆាប់​ចប់​លើ​ការបោះបង្គោល​ព្រំដែន​១៦​ភាគរយ​ទៀត ដែល​នៅសល់​។​

​ក្នុង​ពិធី​ប្រគល់​ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ ដល់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​៣៥ នៅ​កម្ពុជា ដើម្បី​យកទៅ​ប្រើប្រាស់ ដែល​រៀបចំឡើង​កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន អះអាងថា កម្ពុជា គ្រោង​យក​ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ (១​លើ​២៥​ពាន់​) ទៅ​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ​។ ប៉ុន្តែ លោក ពុំបាន​បញ្ជាក់​ឡើយ​ថា នៅពេលណា​។​

​បើ​មាត្រដ្ឋាន​ឬ​ខ្នាត មាន​តួលេខ​កាន់តែ​តូច គឺ​ផែនទី មាន​ទំហំ​កាន់តែ​ធំ ហើយ​ផ្ទុយ​មកវិញ បើ​មាត្រដ្ឋាន​ឬ​ខ្នាត មាន​តួលេខ​កាន់តែ​ធំ គឺ​ផែនទី មាន​ទំហំ​កាន់តែ​តូច​។ ជាក់ស្តែង ផែនទី​លេខា​ព្រំដែន ខ្នាត ១/២៥ ០០០ គឺមាន​ទំហំ​ធំ​ជាង​ផែនទី UTM ខ្នាត ១/៥០ ០០០ ហើយ​ផែនទី UTM ខ្នាត ១/៥០ ០០០ មាន​ទំហំ​ធំ​ជាង​ផែនទី​បោ​ន​ខ្នាត ១/១០០ ០០០​។

១/២៥ ០០០ គឺ​ប្រវែង​១​សង់ទីម៉ែត្រ លើ​ផែនទី ស្មើនឹង​២៥ ០០០ សង់ទីម៉ែត្រ ឬ​២៥០​ម៉ែត្រ នៅលើ​ដី​។ ១/៥០ ០០០ គឺ​ប្រវែង​១​សង់ទីម៉ែត្រ លើ​ផែនទី ស្មើនឹង​៥០ ០០០ សង់ទីម៉ែត្រ ឬ​៥០០​ម៉ែត្រ នៅលើ​ដី​។ ១/១០០ ០០០ គឺ​ប្រវែង​១​សង់ទីម៉ែត្រ លើ​ផែនទី ស្មើនឹង​១០០ ០០០ សង់ទីម៉ែត្រ ឬ​ស្មើនឹង​១០០០​ម៉ែត្រ ឬ​ស្មើនឹង​១​គីឡូម៉ែត្រ នៅលើ​ដី​៕

ចែករំលែក

បង្ហាញយោបល់របស់អ្នក

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.