បាងកក៖ លោកនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃទី១៦ ខែតុលានេះ បានអះអាងថា លោកនឹងមិនចុះចេញពីតំណែងនាយករដ្ឋមន្ត្រីឡើយ។ ការលើកឡើងរបស់លោកប្រាយុទ្ធបែបនេះ ធ្វើឡើងបន្ទាប់ពីបាតុកម្មទាមទារឲ្យលោកចុះចេញពីតំណែងឈានចូលថ្ងៃទី៣ និងក្រោយពេលគណៈរដ្ឋមន្ត្រីថៃអនុម័តក្រឹត្យអាសន្នដែលហាមការជួបជុំសាធារណៈលើសពី៥នាក់។
ក្រឹត្យអាសន្ន ដែលហាមឃាត់ការជួបជុំលើសពី៥ នាក់ ត្រូវបានប្រកាសក្រោយពេលបាតុកររាប់ម៉ឺននាក់ជួបជុំគ្នា នៅក្រៅអាគាររដ្ឋាភិបាល ទាមទារឲ្យលោកប្រាយុទ្ធចុះចេញពីតំណែង កំណែទម្រង់រដ្ឋធម្មនុញ្ញ និងកាត់បន្ថយអំណាចព្រះមហាក្សត្រ។
ថ្លែងទៅអ្នកសារព័ត៌មាន បន្ទាបពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ តុលា លោកប្រាយុទ្ធ ចាន់អូចា នេះបានបញ្ជាក់ថាលោកមិនចុះចេញពីតំណែងឡើយ។ ចំពោះការអនុម័តក្រឹត្យអាសន្នវិញ លោកប្រាយុទ្ទលើកហេតុផលថា៖« រដ្ឋាភិបាលត្រូវតែប្រើប្រាស់ក្រឹត្យអាសន្ននេះ។ យើងត្រូវតែធ្វើបែបនេះដោយសារតែស្ថានការណ៍ហិង្សា»។ លោកបន្តថា ក្រឹត្យខាងលើនឹងត្រូវប្រើប្រាស់រយៈពេល៣០ថ្ងៃ ឬតិចជាងនេះ បើសិនជាស្ថានការណ៍មានសភាពថមថយ។
កិច្ចប្រជុំបន្ទាន់របស់គណៈរដ្ឋមន្ត្រីថៃ ធ្វើឡើងដើម្បីពិភាក្សាពីក្រឹត្យអាសន្នដែលត្រូវបានប្រកាសនៅម៉ោង៤ព្រឹក ថ្ងៃទី១៥ តុលា។ កិច្ចប្រជុំនេះ អនុម័តយល់ព្រមលើក្រឹត្យអាសន្នខាងលើ ដែលមានរយៈពេល១ខែ តាមសំណើរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ។ ហេតុផលក្នុងការចេញក្រឹត្យ គឺឧបទ្ទវហេតុជាសម្តី និងកាយវិការទៅលើក្បួនព្រះទីនាំងមហេសីស្ដេចថៃ។ ផលលើប៉ះពាល់សេដ្ឋកិច្ច និងសន្តិសុខប្រទេស ក៏ជាមូលហេតុដែរ។
លោក ប្រាយុទ្ធ បានព្រមានផងដែរថា រដ្ឋាភិបាលថៃអាចនឹងដាក់បម្រាមគោចរ បើសិនជាស្ថានការណ៍បាតុកម្មនៅតែបន្ត។ ទោះជាយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីថៃ និយាយថា ស្ថានការណ៍មិនទាន់ដល់កម្រិតត្រូវប្រើប្រាស់ច្បាប់អាជ្ញាសឹកឡើយ។
បក្សប្រឆាំង Pheu Thai ថ្កោលទោសការប្រកាសក្រឹត្យអាសន្នរបស់រដ្ឋាភិបាល។ បក្សដែលមានអាសនៈច្រើនជាងគេ ក្នុងរដ្ឋសភាថៃបានលើកឡើងថា៖បក្ស Pheu Thai អំពាវនាវឲ្យឧត្តមសេនីយប្រាយុទ្ធ ចាន់អូចា និងមន្ត្រីរដ្ឋាភិបាលលើកចេញនូវក្រឹត្យអាសន្ន និងបញ្ឈប់ការគំរាមប្រជាជន។ បក្សនេះ ក៏ឲ្យរដ្ឋាភិបាល ដោះលែងអ្នកដែលត្រូវបានចាប់ខ្លួនជាបន្ទាន់។
បន្ទាប់ពីបាតុកម្មនៅថ្ងៃទី១៤ តុលាមក ប៉ូលិសថៃបានចាប់ខ្លួនបាតុករចំនួន៤០ នាក់។ ទោះជាមានក្រឹត្យអាសន្នបែបនេះក្តី បាតុករប្តេជ្ញាថា នឹងបន្តបាតុកម្មដដែល។ ក្រុមបាតុករអះអាងថា នឹងធ្វើបាតុកម្មអាចនឹងអូសបន្លាយយ៉ាងហោចណាស់១ខែ៕