បើទោះបីបញ្ហានយោបាយរវាងកម្ពុជា និងអន្តរជាតិ អ្នកជំនាញវិស័យអចលនទ្រព្យអាស៊ានមានជំនឿលើការរីកចម្រើននៃអចលនទ្រព្យនៅកម្ពុជា។ អ្នកជំនាញផ្នែកវិស័យអចលនទ្រព្យជាច្រើនមកពីប្រទេសនានានៅតំបន់អាស៊ានបានចូលរួមក្នុងសន្និបាតអចលនទ្រព្យ និងពិព័ណ៌សមាគមអចលនទ្រព្យអាស៊ានធ្វើនៅរាជធានីភ្នំពេញកាលពីម្សិលមិញ បានលើកឡើងដោយមានជំនឿលើវិស័យអចលនទ្រព្យកម្ពុជានឹងមានតម្លៃកាន់តែខ្ពស់នាពេលខាងមុខ។
អគ្គលេខាធិការសមាគមអចលនទ្រព្យអាស៊ាន និងជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យមួយនៅប្រទេសម៉ាឡេស៊ី លោក ស៊ូម៉ា សាន់ត្រាំ មានប្រសាសន៍ថាវិស័យអចលនទ្រព្យកម្ពុជាកំពុងផ្តល់ឱកាសល្អដល់អ្នកវិនិយោគដែលអាចទទួលបានផលចំណេញច្រើន ខណៈដែលលោកថាមិនចាប់អារម្មណ៍ទៅលើបញ្ហានយោបាយនោះទេ។ លោកថា៖ « ពួកយើងមិនបានចាប់អារម្មណ៍ទៅលើស្ថានភាពនយោបាយកម្ពុជានោះទេ យើងមិនដឹងថាអាមេរិកកាំងគេមើលឃើញយ៉ាងណាទេ យើងមិនដឹងថានឹងមានរឿងអ្វីកើតឡើងទេ តែអ្វីដែលពួកយើងឃើញនៅពេលនេះខ្ញុំគិតថាវាជាឱកាសល្អក្នុងការវិនិយោគនៅកម្ពុជា » ។
សមាជិកនៃសមាគម និងជាអ្នកបង្កើតក្រុមហ៊ុនអចលនទ្រព្យមួយនៅប្រទេសថៃលោក សោភ័ណ ប្រឈប់ឆៃ មានប្រសាសន៍ថាប្រទេសកម្ពុជាមានការរីកចំរើនច្រើន ជាពិសេសវិស័យអចលនទ្រព្យ ខណៈលោកចាត់ទុកថាប្រទេសកម្ពុជាជាប្រទេសមួយដែលមានការរីកចម្រើនខ្លាំងជាងគេក្នុងតំបន់អាស៊ានលើវិស័យនេះ។ សម្រាប់បញ្ហាដែលនយោបាយកម្ពុជាលោកថាគ្រាន់ជារឿងមួយភ្លែតប៉ុណ្ណោះដែលអាចដោះស្រាយបាន។
លោកថា៖ « រឿងនយោបាយគឺគ្រាន់តែជារឿងតែក្នុងកំឡុងពេលមួយតែប៉ុណ្ណោះ តែមូលដ្ឋាននៅក្នុងប្រទេសគឺល្អ ពីមុនកម្ពុជាក្រតែឥលូវកើនឡើងហើយ ហើយមានឱកាសការងារល្អ ហើយបញ្ហានយោបាយគឺគ្រាន់តែជារឿងមួយឡែកប៉ុណ្ណោះ ២ ទៅ ៣ខែបន្ទាប់ពី បោះឆ្នោតប្រហែលជាមានរឿងមិនល្អច្រើន តែបន្ទាប់ពីនោះវាគួរតែល្អ » ។
ប្រធានសមាគមអចលនទ្រព្យភីលីពីនលោក វីល្លាម លី ហ្វរ៉េស្តាឲ្យដឹងថា ក្រុមហ៊ុនលោកកំពុងរៀបចំគម្រោងសាងសង់ខុនដូរមួយនៅខេត្តព្រះសីហនុ។ លោកថា ពេលបច្ចុប្បន្នលោកមិនអាចធ្វើការទស្សន៍បាន តែលោកមានជំនឿថានាថ្ងៃអនាគតវិស័យអចលនទ្រព្យកម្ពុជាកាន់តែមានតម្លៃកាន់តែថ្លៃ។
លោកថា៖ « យើងគ្មានរឿងអីត្រូវធ្វើជាមួយពួកគេទេ(បញ្ហានយោបាយ) យើងធ្វើតែរឿងរបស់យើង ហើយប្រសិនបើយើងធ្វើត្រូវ ធ្វើអ្វីដែលល្អសម្រាប់វិស័យនេះ សម្រាប់ប្រទេស ខ្ញុំគិតថាអ្វីក៏ដោយមិនជាបញ្ហានោះទេ » ។
ទោះជាយ៉ាងណាសម្រាប់អ្នកធ្វើការវិស័យអចលនទ្រព្យមកពីសហរដ្ឋអាមេរិកវិញអ្នកស្រី ម៉ាស្យា ខូលលីន ម៉ូស មានប្រសាសន៍ថា ក៏ជឿជាក់ថាបញ្ហានយោបាយជះឥទ្ធិពលលើវិស័យចលនទ្រព្យមិនអូសបន្លាយយូរទេ។
អ្នកស្រីម៉ាស្យា៖ « រឿងនយោបាយគឺខុសគ្នា តែសម្រាប់ប្រទេសខ្ញុំអ្នកដឹកនាំមិនអាចដឹកនាំមួយជិវិតបានទេ បើទោះបីជាមានការសម្រេចចិត្តមួយចំនួនដោយប្រទេសខ្ញុំក៏ដោយ តែអ្នកដឹកនាំបន្ទាប់អាចធ្វើរឿងនេះឲ្យល្អវិញបាន វាស៊ីសងលើការសម្រេចចិត្តរបស់White House តែប៉ុណ្ណោះ » ។
វិស័យអចលនទ្រព្យនៅកម្ពុជាត្រូវបានគេកត់សម្គាល់ថាមានកំណើនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយឡែកក្នុងឆ្នាំ២០១៧ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអនុម័តលើគម្រោងសរុបចំនួន ៣ ៤១៨ នៅទូទាំងប្រទេស ខណៈតម្លៃសរុបទឹកប្រាក់ការវិនិយោគបានកើនឡើង រហូតដល់៦,៨ពាន់លានដុល្លារ។