សហភាព​អឺរ៉ុប​ចាត់​ទុក​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ថា មិន​តំណាង​ឲ្យ​ឆន្ទៈ​ពលរដ្ឋ និង​ខ្វះ​ការ​ជឿ​ជាក់

សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ទី​៣០ កក្កដា បាន​ចេញ​មុខ​មក​ប្រតិកម្ម​ទៅ​នឹង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា​ដែល​ទើប​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា។ តាម​រយៈ​អ្នក​នាំ​ពាក្យ​សម្រាប់​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ សហភាព​អឺរ៉ុប​បាន​ចាត់​ទុក​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ថា មិន​តំណាង​ឲ្យ​ឆន្ទៈ​ប្រជាធិបតេយ្យ​របស់​អ្នក​បោះ​ឆ្នោត​ទេ ពោល​គឺ​ការ​បោះ​ឆ្នោត​នេះ​ខ្វះ​នូវ​ការ​ជឿ​ជាក់។ ប្រតិកម្ម​ពី​អឺរ៉ុប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ផ្សេងៗ​គ្នា​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នេះ។

តាម​រយៈ​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​ស្តី​ពី​ការ​បោះ​ឆ្នោត​សកល​នៅ​កម្ពុជា សហភាព​អឺរ៉ុប​បាន​អះអាង​ថា ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា បាន​រៀប​ចំ​ឡើង​ក្នុង​បរិយាកាស​ដាក់​កម្រិត​នយោបាយ​ខ្ពស់​បំផុត។ បើ​តាម​សហភាព​អឺរ៉ុប នេះ​គឺ​ដោយ​សារ​តែ​នៅ​មុន​ការ​បោះ​ឆ្នោត អាជ្ញាធរ​កម្ពុជា​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស និង​ទម្រង់​ផ្សេង​ទៀត​នៃ​ការ​គាប​សង្កត់ ដើម្បី​ដាក់​កម្រិត​លំហ​សម្រាប់​បក្ស​ប្រឆាំង ការ​រិះគន់ និង​អ្នក​ប្រឆាំង​រួម​ទាំង​សង្គម​ស៊ីវិល។ ការណ៍​នេះ បាន​ឈាន​ទៅ​ដល់​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ការ​ចាប់​ឃុំ​ខ្លួន​លោក​កឹម សុខា ការ​ហាម​ធ្វើ​នយោបាយ​របស់​សមាជិក​បក្ស​ប្រឆាំង​១១៨​រូប ក៏​ដូច​ជា​ការ​កម្រិត​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ នេះ​បើ​តាម​ការ​សហភាព​អឺរ៉ុប​ដដែល។

ដូច្នេះ​ហើយ​សម្រាប់​សហភាព​អឺរ៉ុប ការ​ខ្វះ​នូវ​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ពិត​ប្រាកដ និង​អវត្តមាន​នៃ​ដំណើរ​ការ​នយោបាយ​ប្រាកដ​ដោយ​ការ​ចូល​រួម គឺ​មាន​ន័យ​ថា ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា​គឺ​មិន​តំណាង​ឲ្យ​ឆន្ទៈ​ប្រជាធិបតេយ្យ​របស់​អ្នក​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​សេចក្តី​ថា ការ​បោះ​ឆ្នោត​នេះ គឺ​ខ្វះ​នូវ​ការ​ជឿ​ជាក់។ ទោះ​ជា​អះអាង​ដូច​នេះ​ក្តី ក៏​សហភាព​អឺរ៉ុប​រំពឹង​ថា អាជ្ញាធរ​កម្ពុជា​នឹង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​ដោយ​ចូល​រួម​ក្នុង​ការ​សន្ទនា​ជាមួយ​គណបក្ស​ប្រឆាំង និង​បង្កើត​ឲ្យ​មាន​លក្ខខ័ណ្ឌ​អំណោយ​ផល​សម្រាប់​ការ​ជជែក​ដេញ​ដោល​ខាង​នយោបាយ ហើយ​ថា អឺរ៉ុប​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ក្នុង​ការ​ជួយ​ដល់​កិច្ចការ​នេះ។

បន្ត​កន្ទុយ​ពី​សហភាព​អឺរ៉ុប​នេះ​គឺ​ប្រទេស​បារាំង។ បារាំង​តាម​រយៈ​អ្នក​នាំ​ពាក្យ​រង​ក្រសួង​កិច្ចការ​បរទេស និង​អឺរ៉ុប​ បាន​សម្តែង​នូវ​ការ​សោក​ស្តាយ​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ដោយ​គ្មាន​ការ​ចូល​រួម​ពី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ។ ជាមួយ​នឹង​ការ​សោក​ស្តាយ បារាំង​ក៏​បាន​អំពាវពាវ​ឲ្យ​ដោះ​លែង​លោក​កឹម សុខា និង​អនុញ្ញាត​ឲ្យ​សមាជិក​អតីត​បក្ស​ប្រឆាំង​ទាំង​១១៨​នាក់​ធ្វើ​នយោបាយ​ឡើង​វិញ។ បារាំង​ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​ដែល​ធានា​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ។

ក្រៅ​តែ​ពី​សហភាព​អឺរ៉ុប និង​ប្រទេស​បារាំង​នេះ ក៏​មាន​ប្រទេស​ប្រជាធិបតេយ្យ​ចំនួន​៣​ទៀត​គឺ​សហរដ្ឋ​អាមេរិក អូស្រ្តាលី និង​ប្រទេស​កាណាដា​បាន​ចេញ​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នេះ​ផង​ដែរ។សហរដ្ឋ​អាមេរិក អូស្រ្តាលី បាន​សម្តែង​នូវ​ការ​សោក​ស្តាយ និង​ខក​ចិត្ត​ចំពោះ​ការ​បោះ​ឆ្នោត​នេះ ខណៈ​កាណាដា​អះអាង​ថា ការ​បោះ​ឆ្នោត​ពោរ​ពេញ​ដោយ​ការ​បំភិត​បំភ័យ​អ្នក​បោះ​ឆ្នោត។ បន្ថែម​លើ​នេះ ប្រទេស​ទាំង​បី​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​កឹម សុខា ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ជជែក​ខាង​នយោបាយ និង​ស្តារ​ឡើង​វិញ​នូវ​សេរី​បញ្ចេញ​មតិ​ជា​ដើម។

បើ​ទោះ​បី​សហភាព​អឺរ៉ុប និង​ប្រទេស​ទាំង​នេះ​បាន​ចេញ​ប្រតិកម្ម​ផ្សេងៗ​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ក៏​ដោយ ក៏​ប៉ុន្តែ​អ្នក​សង្កេតការណ៍​អន្តរជាតិ​មក​ពី​៧​ប្រទេស​ដែល​ចូល​រួម​សង្កេតការណ៍​ការ​បោះ​ឆ្នោត​កម្ពុជា​បាន​ប្រកាស​គាំទ្រ​ការ​បោះ​ឆ្នោត​នេះ។ អ្នក​សង្កេតការណ៍​ទាំង​នេះ មក​ពី​ប្រទេស​ចិន រុស្ស៊ី ឥណ្ឌា ម៉ាឡេស៊ី ថៃ​ឡាវ និង​ប្រទេស​វៀតណាម។ ពួក​គេ​បាន​អះអាង​ថា ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី យុត្តិធម៌ និង​តម្លាភាព៕

ចែករំលែក

បង្ហាញយោបល់របស់អ្នក

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.